សារលើកទឹកចិត្តបែបឌីជីថល
សម្រាប់សិល្បករ និងអ្នកច្នៃប្រតិដ្ឋ

នាំមកជូនលោកអ្នកដោយ៖ ជំនាន់នៃភាពច្នៃប្រឌិត

សួស្តី សិល្បករទាំងអស់គ្នា:

យើងដឹងថា វិបត្តិពិភពលោកដែលបង្កដោយការឆ្លងរីករាលដាលជំងឺ កូវីដ១៩ កំឡុងពេលនេះ បង្កការលំបាកយ៉ាងក្រៃលែងដល់សិល្បករ អ្នកសម្តែង និង អ្នកច្នៃប្រតិដ្ឋទាំងអស់ ដែលពឹងផ្អែកលើកម្មវិធីសាធារណៈមួយចំនួនដូចជា ការតាំងពិព័រណ៍ ការសម្តែងដើម្បីបង្ហាញស្នាដៃ ដែលជាកត្តាលើកទឹកចិត្តក្នុងការបង្កើតស្នាដៃសិល្បៈថ្មី និងជាប្រភពចំណូលដ៏សំខាន់មួយ។ ពួកយើងបានផ្គុំពាក្យលើកទឹកចិត្ត ដំបូន្មាន និងព័ត៌មានពីសហគមន៍ច្នៃប្រតិដ្ឋ ដែលផ្តល់ភាពស៊ីជម្រៅពីបញ្ហាដែលពួកយើងទាំងអស់គ្នាកំពុងតែប្រឈមមុខ។

សិល្បករនីមួយៗនឹងឆ្លើយតបបញ្ហានេះតាមវិធីរៀងៗខ្លួន។ ដំបូន្មាន និង គំនិតមួយចំនួនអាចមានសារៈសំខាន់ក្នុងការសម្រួលបញ្ហារបស់អ្នកនាពេលនេះ។ សូមចាត់ទុកដំបូន្មានទាំងនោះជាការអោបមួយ នៅពេលអ្នកត្រូវការ។

ហើយសូមចងចាំថា ពួកយើងស្ថិតនៅក្នុងកាលៈទេសៈនេះទាំងអស់គ្នា។

ដោយក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅ!

XOXO

សូមអរគុណយ៉ាងជ្រាលជ្រៅដល់សិល្បករដែលបានចូលរួមចំណែកជាមួយគ្នា

ចុចលើឈ្មោះសិល្បករ ដើម្បីអានបន្តពីពួកគេ

ឱក ព្រហ្មសុដន្ត្រៈ

ស្ថាបនិកនៃ ក្រុមនាដ្យរស
https://www.ponatyarasa.com/

រូបថតដោយ៖ លីម សុខចាន់លីណា

«ក្នុងនាមជាអ្នកសិល្បៈ ពួកយើងតែងតែរវល់ជាប់ជានិច្ចជាមួយនឹងកិច្ចការផ្សេងៗ។ ជំងឺឆ្លងនាពេលបច្ចុប្បន្នអាចចាត់ទុកជារឿងល្អមួយដោយសារថា វាអាចធ្វើឱ្យពួកយើងទាំងអស់គ្នាបន្ធូរបន្ថយភាពមមារញឹករបស់យើង។ ខ្ញុំមើលឃើញពេលវេលានេះជា ពេលសាកសមមួយសម្រាប់ពួកយើង ទោះជាបុគ្គលក្តី ឬជាសហគមន៍ក្តី អាចកសាងខ្លួនឱ្យប្រសើរ អង់អាច និងត្រចះត្រចង់ជាងមុន ដើម្បីបង្ហាញពីភាពខ្លាំងបំផុតរបស់យើង។ ដើម្បីឱ្យសម្រចបានគោលដៅខាងលើនេះ យើងត្រូវប្រើពេលវេលានេះដើម្បីសម្រាក ឆ្លុះបញ្ចាំង និងគិតពិចារណាឱ្យបានច្រើន។ ខ្ញុំបានប្រើពេលវេលានៅតែឯងដ៏មានតម្លៃនេះ ដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅ ពីខ្លួនឯងក្នុងនាមជាមនុស្សម្នាក់ និងសិល្បករមួយរូប ពីក្តីស្រមៃនិងទស្សនៈ ពីការអនុវត្តនិងគម្រោងរបស់ខ្ញុំ។ ខ្ញុំយល់ថា មនុស្សជាច្រើនក្នុងចំណោមពួកយើងមានការព្រួយបារម្មណ៍ដែលវាគឺជាការព្រួយបារម្ភត្រឹមត្រូវមួយ ក្នុងអំឡុងពេលដែលអ្នកខ្លះទៀតមិនអាចមានសិទ្ធសម្រាកនៅផ្ទះ។ ប៉ុន្តែ ខ្ញុំគិតថា វាពិតជាសំខាន់ណាស់សម្រាប់សិល្បករក្នុងការទទួលយកនូវរឿងល្អៗ ភាពដែលអាចធ្វើទៅបាន ដែលតែងតែស្ថិតនៅជុំវិញពួកយើងទាំងអស់គ្នា។ ខ្ញុំសូមលើកទឹកចិត្តដល់សិល្បករគ្រប់រូបឱ្យប្រើប្រាស់ពេលវេលានេះ ដើម្បីផ្តល់ជាកម្លាំងចិត្ត និងផ្តល់ថាមពលដល់ខ្លួនឯង កសាងផែនការនិងគិតមមៃសារជាថ្មី ក៏ដូចជាផ្តល់ក្តីស្រឡាញ់និងសេចក្តីសប្បុរសដល់ខ្លួនឯង ដល់មនុស្សដែលយើងបារម្មណ៍ ជនមិនស្គាល់ដែលពួកយើងចែករំលែកជីវិតជាមួយ និងបរិស្ថានដែលផ្តល់ជីវិតដល់យើង ឲ្យបានច្រើនជាងមុន។»

ឱក ព្រហ្មសុដន្ត្រៈផ្តល់យោបល់ថា៖

ខ្ញុំលើកទឹកចិត្តសិល្បករដែលត្រូវការជំនួយនាពេលនេះ ឱ្យទាក់ទងទៅកាន់មិត្តភក្តិ និងក្រុមគ្រួសារក្នុងសហគមន៍។

អឿ សុគន្ធទេវី

សិល្បករ
https://sokuntevy.com/

រូបថតផ្តល់ដោយ អឿ សុគន្ធទេវី

«សូមជួយគ្នា និងជួយមនុស្សដែលកំពុងតែត្រូវការជំនួយ! រឿងសំខាន់បំផុតនៅតំណាក់កាលឆ្លងកាត់ពេលវេលាដ៏លំបាកនេះ គឺមនុស្សក្នុងសហគមន៍ និងការគាំពារពីសហគមន៍។»

អឿ សុគន្ធទេវី ផ្តល់យោបល់ថា៖

ខណៈពេលដែលវីរុសនេះនៅតែបន្តឆ្លងរីករាលដាល មានវេទិកាជាច្រើនដែលបានផ្តល់កម្មវិធីស្វ័យសិក្សាអនឡាញ។ វាប្រហែលជាគំនិតល្អមួយសម្រាប់អ្នកទាំងអស់គ្នា ក្នុងការរៀននូវជំនាញថ្មីៗ។ ដូច្នេះ អ្នកក៏អាចរកចំណូលបាន ដោយធ្វើការងារឌីហ្សាញពីផ្ទះ ឬទីចល័តដែលមានសុវត្ថិភាពបាន។

https://www.skillshare.com/
ទទួលបានការប្រើប្រាស់ចំនួនពីរខែដោយឥតគិតថ្លៃពី Skillshare Premium
រុករកជំនាញថ្មីៗ សម្រួចចំណង់ចំណូលចិត្តដែលមានស្រាប់ និងចូលខ្លួនក្នុងពិភពនៃប្រឌិតភាព។

https://www.edx.org/
ចង់បង្កើនជំនាញថ្មីៗ អភិវឌ្ឍអាជីពរបស់អ្នក ឬរៀនអ្វីដែលប្លែកសម្រាប់ការកំសាន្ត! EdX គឺជាវេទិកាមិនគិតកម្រៃមួយដែលផ្តល់ជូនវគ្គ1900+ ពីស្ថាប័នលំដាប់ពិភពលោកដូចជា Harvard, MIT, Microsoft, និងស្ថាប័នល្អៗជាច្រើនទៀត។

https://www.khanacademy.org/
បង្កើតដោយអ្នកជំនាញ Khan Academy គឺជាបណ្ណាល័យដែលគួរឱ្យទុកចិត្ត ស្របតាមស្តង់ដានៃការអនុវត្ត ហើយវាក៏ផ្តល់មេរៀនលើប្រធានបទជាច្រើនដូចជា៖ គណិតវិទ្យា វេយ្យាករណ៍ វិទ្យាសាស្រ្ត ប្រវត្តិសាស្រ្ត និងមេរៀនល្អៗជាច្រើនទៀត។ វាមិនគិតថ្លៃពីសិស្សនិស្សិត និងសាស្ត្រាចារ្យឡើយ។

ណាតាលី ភីស្ស៍

គទានុរក្ស
www.nataliepace.co.uk

រូបថតផ្តល់ដោយ ណាតាលី ភីស្ស៍

«រោគឆ្លងរាតត្បាតជាសកលនាពេលនេះ នឹងក្លាយជារឿងគួរឱ្យចងចាំមួយក្នុងជីវិតយើងទាំងអស់គ្នា។ ការប្រតិកម្ម និងបទពិសោធរបស់បុគ្គលម្នាក់ៗប្រហែលជាខុសៗគ្នា ប៉ុន្តែអ្វីដែលធ្វើឱ្យយើងរួបរួមគ្នា គឺសតិញាណក្នុងការដោះស្រាយបញ្ហាប្រឈមនៅពេលនេះ។ ការរងនូវផលប៉ះពាល់ ការផ្លាស់ប្តូរ និងការប៉ះទង្គិចផ្លូវចិត្តនឹងកើតមានឡើង។ វាដូចជាពួកយើងហាក់ស្ថិតនៅក្នុងទេសកាលមិនច្បាស់លាស់មួយ ខណៈមិនទាន់មានសេចក្តីប្រកាសច្បាស់លាស់ណាមួយបញ្ជាក់ថារោគនេះនឹងចប់នៅពេលណា។ សម្រាប់ពួកយើងដែលជាសិល្បករ ឬប្រតិបត្តិករសិល្បៈ យើងហាក់ស៊ាំនឹងចំណូល ឬការងារមិនទៀតទាត់នោះទៅហើយ ដែលការណ៍នេះសបញ្ជាក់ឱ្យឃើញថា ពួកយើងជាអ្នកដែលងាយទទួលរងនូវផល់ប៉ះពាល់ជាងគេ។ ការងារដែលពួកយើងធ្វើដើម្បីអភិវឌ្ឍ ឬចែករំលែកជាមួយសាធារណៈជនតាមរយៈ ស្នាដៃតាំងពិព័រណ៍ កម្រៃជើងសារ ឬទម្រង់ការងារផ្សេងៗទៀត ត្រូវបានលុបចោល រៀបចំសារឡើង ឬត្រូវច្រានទៅមុខ។ តាមសារព័ត៌មានដែលចេះតែបន្តផ្សាយម្តងអ៊ីចេះ ម្តងអីចុះធ្វើឱ្យយើងឈឺក្បាល និងព្រួយបារម្ភដល់សុខសុវត្ថិភាពយើងរាល់គ្នា។ តើយើងអាចសម្រាលភាពលំបាកនេះបាន ដោយវិធីណា? ដំបូន្មាននីមួយៗមើលទៅល្អមែន តែលាយឡំនូវកិច្ចបញ្ឆោត។ ស្តាប់ទៅមានន័យគ្រប់គ្រាន់មែន តែក្រោយគិតបន្តិចទៅ វាគ្រាន់តែជាពាក្យពេចន៍បន្ទន់តាមបទពិសោធផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ ហើយបង្ហាញផ្លូវតិចតួចដល់ជនដែលជួបរឿងស្រដៀងៗគ្នានេះប៉ុណ្ណោះ។

មែនទែនទៅ ខ្ញុំកំពុងស្ថិតនៅក្នុងទំនោរចែករំលែកយុទ្ធសាស្រ្ត ជាជាងការតម្រង់ទិស ។ ខ្ញុំព្យាយាមទប់អារម្មណ៍ខ្លួនឯងដែលចង់ធ្វើនេះផងនោះផង មកធ្វើអ្វីមួយឱ្យចេញជាលទ្ធផល។ ហើយក៏កំពុងតែជម្រុញខ្លួនឯងឱ្យដកឃ្លាបន្តិចមកឈ្វេងយល់ពីអ្វីដែលកំពុងតែកើតមានឡើង។ ក្នុងបរិបទមួយដែលជីវិតរស់នៅ និងជីវភាពប្រចាំថ្ងៃ ឬទំនាក់ទំនងសង្គម ស្ថិតក្រោមការគម្រាមកំហែង ជំហរនេះហាក់បង្ហាញពីទីអាទិភាព។ ប៉ុន្តែសូមបដិសេធនូវការប្រាប់ពី« របៀប» ដែលត្រូវឆ្លើយតប ជំនួសមកវិញដោយការអភិវឌ្ឍស្ថាប័នឱ្យរីកដុះដាលជាងមុន និងរកវិធីឆ្លើយតបតាមបែបផ្ទាល់ខ្លួន។ ធ្វើបែបនេះ គឺមានឥទ្ធិពល និងសក្តានុពលដើម្បីកំណត់វិសាលភាពនៃការរងឥទ្ធិពល សម្រាប់ឆ្លើយតបទៅវិបត្តិផ្សេងៗទៀតនៅថ្ងៃអនាគត។ ស្នាដៃសិល្បៈណាដែលស្របតាមការរៀបរាប់ខាងលើ នឹងពិសេសពោរពេញដោយអត្ថន័យខ្លឹមសារ។»

ណាតាលី ភីស្ស៍ផ្តល់ព័ត៌មានថា៖

នេះគឺជាការគំនិតផ្តួចផ្តើមចំនួនពីរ ដែលផ្តោតទៅលើការជួយគ្នាទៅវិញទៅមក និងការចែករំលែកចំណេះដឹង ឬគំនិតដែលអ្នកប្រហែលជាចង់អង្កេត ឬចែករំលែកគំនិតផ្ទាល់ខ្លួនរបស់អ្នក។

#ARTISTSUPPORTPLEDGE

Artist Support Pledge គឺជាគំនិតផ្តួចផ្តើមថ្មីមួយ ដែលបង្កើតឡើងដោយសិល្បករ Matthew Burrows ដែលកំពុងរស់នៅចក្រភពអង់គ្លេស។

គោលគំនិតនៃការបង្កើតនេះ គឺមានលក្ខណៈសាមញ្ញ ដោយគ្រាន់តែសិល្បករបង្ហោះរូបភាពនៃស្នាដៃសិល្បៈរបស់ពួកគេ ដើម្បីលក់ក្នុងតម្លៃ២០០ អឺរ៉ូ ឬតិចជាងនេះ នៅតាមប្រព័ន្ធបណ្តាញសង្គមអ៊ីនស្តាក្រាម ដោយភ្ជាប់ជាមួយ hashtag #ArtistSupportPledge។
ជារៀងរាល់ពេលដែលសិល្បករម្នាក់លក់បាន ១០០០ អឺរ៉ូ គេអាចដាក់បញ្ចាំ២០០ អឺរ៉ូទៅក្នុងប្រព័ន្ធវិញ ដោយការបញ្ជារទិញស្នាដៃរបស់សិល្បករដទៃទៀតដែលប្រើប្រាស់ hashtag។ វាមិនមែនជាប្រព័ន្ធពង្រឹងដោយលក្ខ័ណច្បាប់ទេ តែវាជាប្រព័ន្ធដែលពឹងផ្អែកលើទំនុកចិត្ត។

ART HISTORIANS ALONE TOGETHER

Art Historians Alone Together គឺជាកន្លែងមួយដែលពាំនាំមនុស្សឱ្យមកប្តុំគ្នាតាមប្រព័ន្ធឌីជីថល ដូចទៅនឹងសហគមន៍មួយ ជួយឱ្យពួកគេពិភាក្សា និងរីករាយជាមួយស្នាដៃសិល្បៈ និងប្រវត្តិសិល្បៈ។

https://arthist.net/archive/22896
arthistoryalonetogether@gmail.com

ពួកគេកំពុងតែស្វែងរក៖
– គទានុរក្ស និងអ្នកឯកទេសខាងរក្សាទុកឯកសារ ដើម្បីបកស្រាយអំពីវត្ថុបំណង និងសមុច្ច័យ
– អ្នកស្រាវជ្រាវ ដើម្បីបកស្រាយអំពីការងារស្រាវជ្រាវរបស់ពួកគេ
– សិល្បករដើម្បីបង្ហាញពីការអនុវត្តសិល្បៈ
– អ្នកចូលរួមដើម្បីធ្វើជាចំណែកនៃកិច្ចពិភាក្សា

នីកូឡាស ហ្រ្គេយ៍

សិល្បករ
ហ្វេសប៊ុក | អ៊ីនស្តាក្រាម

រូបថតផ្តល់ដោយ នីកូឡាស ហ្រ្គេយ៍

«នេះគឺជាវិបត្តិសកលដែលបានរំខានជីវិតមនុស្សជុំវិញពិភពលោក។ ផលប៉ះពាល់មួយក្នុងចំណោមបញ្ហាជាច្រើន គឺវិស័យសេដ្ឋកិច្ច។ ហើយអ្នកប្រហែលជាគិតថា វាជាពេលដ៏លំបាកមួយសម្រាប់អ្នកក្នុងការរកចំណូល។ ប៉ុន្តែ វាគឺជាពេលមួយដែលខុសពីប្រក្រតី ដោយហេតុថា យើងទាំងអស់គ្នាត្រូវតម្រូវឱ្យស្នាក់នៅផ្ទះច្រើនជាងមុន។ សម្រាប់មនុស្សគ្រប់ៗគ្នា មិនថាសិល្បករទស្សនីយភាព ពេលនេះអាចជាពេលដ៏សាកសមមួយសម្រាប់ធ្វើការលើគម្រោងច្នៃប្រតិដ្ឋដែលអ្នកប្រហែលជាបានធ្វើខ្លះៗកន្លងមក។
គ្រប់ទម្រង់សិល្បៈទាំងអស់ មិនថាគំនូរវិចិត្រកម្ម ភាពយន្ត របាំ និងទម្រង់សិល្បៈផ្សេងៗទៀត សុទ្ធត្រូវការពេលវេលាដើម្បីបង្កើតឱ្យចេញជារូបរាងឡើង។ ដូច្នេះ ក្នុងអំឡុងពេលដែលមិនអំណោយផលដល់ការរកចំណូលនេះ វាអាចជាពេលល្អមួយសម្រាប់ធ្វើការមួយចំនួនទូកទៅថ្ងៃអនាគត ក្រោយពេលវិបត្តិសកលនេះសាបសូន្យទៅវិញ។ បើអ្នកមានឪកាសប្រើប្រាស់អ៊ីនធឺណែត និងមានឧបករណ៍ប្រើប្រាស់ នោះវានឹងជាពេលដ៏ល្អមួយសម្រាប់បង្ហាញពីស្នាដៃអ្នក នៅតាមប្រព័ន្ធបណ្តាញសង្គមដែលឥតគិតថ្លៃ និងអភិវឌ្ឍស្នាដៃនោះជាបន្តបន្ទាប់។ មានមនុស្សជាច្រើនដែលដាក់កំហិតខ្លួនឯងឱ្យនៅផ្ទះ ដូច្នេះពួកគេអាចនឹងមានពេលច្រើនជាងសព្វមួយដងក្នុងការប្រើប្រាស់អ៊ីនធើណេត។ ពួកគេនឹងមើលស្នាដៃសិល្បៈផ្សេងៗគ្នា។ ហើយបន្ទាប់ពីវិបត្តិនេះថមថយបន្តិច សង្ឃឹមថាអាចនឹងមានអ្នកគាំទ្រសា្នដៃច្រើនជាងមុន។

នេះជាពេលដែលល្អមួយសម្រាប់សង្កេតដំណើរចិត្តក្នុងខ្លួន (ការពិនិត្យ និងសង្កេតចិត្ត និងដំណើរអារម្មណ៍ផ្ទាល់ខ្លួន) ហើយរាល់សិល្បៈល្អប្រណិត គឺរមែងចេញពីក្នុងខ្លួនសិល្បករ ក្នុងពេលវេលាតឹងតែងណាមួយ។ អ្នកប្រហែលជាអាចប្រមើលមើលឃើញខ្លួនឯង និងសង្គម ដែលអ្នកមិនធ្លាប់បានចាប់អារម្មណ៍ពីមុនមកក៏ថាបាន ហើយវាអាចជាផ្នែកមួយនៃស្នាដៃរបស់អ្នក។ សូមប្រុងប្រយ័ត្នបន្តិចត្រង់ថា ពេលនេះពុំមែនជាពេលសមគួរ ដែលអ្នកត្រូវបង្ហាញសារនយោបាយនោះទេ។ មិនថាកាលៈទេសៈអ្នកបែបណានោះក៏ដោយ នេះជាពេលល្អមួយសម្រាប់អ្នកដើម្បីគិតពីអ្វីដែលអ្នកចង់និយាយ ឬធ្វើនាថ្ងៃខាងមុខ។ ហើយប្រសិនបើអ្នកសមប្រកបដោយមានទីកន្លែង ពេលវេលា និងសម្ភារៈគ្រប់គ្រាន់ នេះជាពេលដែលពិសេសមួយសម្រាប់អ្នកធ្វើការផងនិងអាចការពារខ្លួនពីក្តីកង្វល់ផ្សេងៗជុំវិញបញ្ហាឆ្លងរីករាដាលជាសកលនេះផង។»

នីកូឡាស ហ្រ្គេយ៍ ផ្តល់យោបល់ថា៖

ប្រសិនបើអ្នកអាចភ្ជាប់ទំនាក់ទំនងនឹងអ៊ីនធើណេតបាន សូមសាកល្បងប្រើប្រព័ន្ធបណ្តាញសង្គមដូចជា ហ្វេសប៊ុក អ៊ីនស្តាក្រាម ឬទីក តុក ដើម្បីបង្ហាញពីស្នាដៃខ្លួន។

សូមចុចលើរូបភាពនេះដើម្បីទទួលបានព័ត៌មានបន្ថែម

ប្រាំពីរវិធីសម្រាប់សុខភាពផ្លូវចិត្ត៖

នេះជាពេលវេលាដែលលំបាកមួយដែលជះឥទ្ធិពលអាក្រក់ដល់សុខភាពផ្លូវចិត្តរពួកយើង។ ប្រសិនបើយើងមិនមានបណ្តាញទំនាក់ទំនង នេះគឺជាវិធីខ្លះៗដែលយើងអាចសាកល្បងដោយខ្លួនឯងផ្ទាល់៖

១. នេះគឺជាពេលដែលគួរឱ្យព្រួយបារម្មណ៍មួយសម្រាប់អ្នកទាំងអស់គ្នា និងក្រុមគ្រួសារ។ អ្នកទាំងអស់គ្នានឹងជួបរឿងរ៉ាវផ្សេងៗគ្នា ដូច្នេះសូមមើលថែមនុស្សជុំវិញខ្លួនដោយពួកគេបង្ហាញនូវក្តីស្រឡាញ់ និងផ្តល់មេត្តាទៅតាមលទ្ធភាពដែលអ្នកអាចធ្វើទៅបាន។ ប្រសិនបើអ្នកជាពុទ្ធសាសនិក មានការអនុវត្តមួយចំនួនដែលអាចជួយអ្នកបាន តួយ៉ាងដូចជាការធ្វើសមាធិជាដើម។

២. អ្នកអាចទាក់ទងទៅសិល្បករដទៃទៀត ហើយពួកគេប្រហែលជាអាចជួយអ្នកបាន។ សូមចងចាំថា យើងទាំងអស់គ្នាកំពុងតែឆ្លងកាត់ពេលដ៏លំបាកនេះទាំងអស់គ្នា។ ដូច្នេះ សូមកុំរំពឹងទុកពីអ្នកដទៃច្រើនពេក ដោយសារសូម្បីតែអ្នកក៏មិនអាចដឹងថាកាលៈទេសៈគេបែបណានោះដែរ។

៣. សូមអនុវត្តតាមវិធាការណ៍ណែនាំរបស់រដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាលឱ្យបានល្អបំផុត! ពួកយើងអនុវត្តបែបនេះគឺដើម្បីធ្វើឱ្យមនុស្សចាស់ជាទីស្រឡាញ់របស់យើងមានសុវត្ថិភាព។ មានព័ត៌មានចម្រុះជាច្រើនតាមបណ្តាញផ្សេងៗ ដូច្នេះសូមកុំឱ្យព័ត៌មានទាំងនោះបន្ថែមកង្វល់ ឬរំខានដល់អ្នក។ ជំងឺកូវីដ១៩ គឹពិតជាជំងឺដែលងាយឆ្លង ប៉ុន្តែក៏មានមនុស្សជាច្រើនដែរដែលបានជាសះស្បើយ។

៤. សូមចាត់ទុកថាវាជាបញ្ហាធន់ធ្ងរ តែក៏សូមទទួលស្គាល់ថាវានឹងមិនបន្តជារៀងរហូតនោះទេ។ ហើយប្រសិនបើយើងអនុវត្តតាមវិធានការណ៍ នោះបញ្ហានេះនឹងអាចដោះស្រាយបានឆាប់ៗ។

៥. ប្រសិនបើអ្នកមានអារម្មណ៍ថាមានសម្ពាធ ឬព្រួយបារម្មណ៍ សូមចងចាំថា អ្នកមិនមែនជាមនុស្សតែម្នាក់ទេដែលត្រូវឆ្លងកាត់ការលំបាកនេះ។ ហើយមានមនុស្សជាច្រើនកំពុងតែដោះស្រាយវាឱ្យអស់ពីកម្លាំងកាយចិត្ត

៦. សូមកាត់បន្ថយការសេពសុរា និងការជក់ឱ្យអស់ពីលទ្ធភាព បើទោះបីជាវាអាចនឹងលំបាកសម្រាប់មនុស្សមួយចំនួនដែលទម្លាប់កាត់ស្ត្រេសតាមវិធីទាំងនេះ។

៧. ប្រសិនបើអ្នកមានស្ថានភាពមិនល្អនៅផ្ទះ សូមព្យាយាមនិយាយទៅកាន់មិត្តភក្តិដែលអ្នកទុកចិត្ត!

នាក់ សុផល

សិល្បករថតរូប
http://sophalneak.com

រូបថតផ្តល់ដោយ នាក់ សុផល

វិធីដែលធ្វើឱ្យខ្លួនឯងសកម្ម៖

+ ស្រាវជ្រាវ
+ បន្តគិតអំពីការងារថ្មី
+ ធ្វើការពិសោធ និងសាកល្បងអនុវត្តនៅផ្ទះ
+ បន្តភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ

នាក់ សុផល ផ្តល់ព័ត៌មានអំពី៖

ប្រភពនៃបណ្តុំរូបថតសម្រាប់សិល្បករថតរូប

សូមចុចលើរូបភាពនេះដើម្បីទទួលបានព័ត៌មានបន្ថែម

ខេត អូហារ៉ា

អ្នកគ្រប់គ្រង | Umbrella Studio
https://umbrella.org.au/

រូបថតដោយ៖ Studio Revolt

«ពេលនេះគឺជាពេលវេលាមួយដ៏លំបាកសម្រាប់សិល្បករ។ ខណៈ ដែលកម្មវិធីសាធារណៈមានសភាពស្ងប់ស្ងាត់ ចំណែកសិល្បករក៏មិនអាចពឹងផ្អែកលើចំណូលពីការលក់ស្នាដៃសិល្បៈតទៅទៀតបាន វាគឺជាឳកាសមួយសម្រាប់អ្នកទាំងអស់គ្នាដើម្បីអភិវឌ្ឍភាពច្នៃប្រតិដ្ឋ។ លើកឡើងរបៀបនេះ មិនមែនជាការដាក់សម្ពាធលើខ្លួនអ្នក ដើម្បីឲ្យបង្កើតស្នាដៃថ្មីពេលត្រូវរស់នៅដោយឡែកនោះទេ។ តែពេលខ្លះ គ្រាន់តែបន្ថយល្បឿនការងារបន្តិច ក៏អាចឱ្យគំនិតថ្មីៗលេចជារូបរាងឡើងដោយឯកឯង។ ទំនាក់ទំនងដោយភាពច្នៃប្រតិដ្ឋក្នុងអំឡុងពេលនេះ ពិតជាមានសារៈសំខាន់ដូចជាការច្នៃអ្វីថ្មីដូច្នេះដែរ ហើយវាប្រហែលជាចំណុចថ្មីដែលអ្នកគួរតែយកចិត្តទុកដាក់។ តើអ្នកធ្លាប់សួរដំបូន្មានពីសិល្បករ ឬគទានុរក្សដែលអ្នកគោរពដែរឬទេ? តើមាននរណាម្នាក់ធ្លាប់សុំឲ្យអ្នកផ្តល់យោបល់ឲ្យដែរទេ? ចុះហេតុអ្វីបានជាមិនទាក់ទងពួកគេម្តងទៀត ហើយនិយាយពីគំនិតដែលមាន និងបញ្ហាដែលអ្នកជួបប្រទះ? ប្រហែលពេលនេះ ជាវេលាដែលសាកសមសម្រាប់អ្នកក្នុងការបង្កើតទំនាក់ទំនងបំប៉នចំណេះដឹង ដោយមានមនុស្សម្នាក់និយាយជាទៀងទាត់ជាមួយអ្នកអំពីភាពច្នៃប្រតិដ្ឋរបស់អ្នក សហគមន៍របស់អ្នក ទីផ្សារសិល្បៈ និងរឿងរ៉ាវនានាដែលកំពុងតែកើតមានក្នុងពិភពលោក។ Facebook Messenger, Skype និង Zoom សុទ្ធតែជាមធ្យោបាយល្អៗដើម្បីទាក់ទងបំប៉នចំណេះដឹង អំឡុងដែលអ្នកកំពុងរស់នៅដាច់ដោយឡែក។ គ្មាននរណាម្នាក់មានចម្លើយគ្រប់យ៉ាងទេពេលនេះ ប៉ុន្តែយើងអាចរកចម្លើយមួយចំនួនជាមួយគ្នាបានខ្លះៗ ដើម្បីរៀបគម្រោងអនាគតដ៏រឹងមាំនិងស្ថិតសេ្ថរ។»

ខេតអូហារ៉ា ផ្តល់ដំណឹងថា៖

ក្រុមប្រឹក្សានៃប្រទេសអូស្ត្រាលី នឹងផ្តល់សិក្ខាសាលាតាមប្រព័ន្ធអ៊ីនធើណេតដោយឥតគិតថ្លៃក្នុងពីរឬបីខែខាងមុខ។

សូមចុចលើរូបភាពនេះដើម្បីទទួលបានព័ត៌មានបន្ថែម

សុវណ្ណ ភីឡុង

សិល្បករ និងអនុប្រធាននៃ មហោស្រពរូបថតភ្នំពេញ
http://www.sovanphilong.com/

រូបថតផ្តល់ដោយ សុវណ្ណ ភីឡុង

«ក្នុងកាលៈទេសៈដ៍លំបាកនាពេលបច្ចុប្បន្ននេះ យើងទាំងអស់គ្នា គឺសុទ្ធតែកំពុងតែប្រឈមមុខជាមួយបញ្ហាផ្សេងៗគ្នា។ ទោះបីជាស្ថិតក្នុងកាលៈទេសៈបែបនេះក្តី យើងនូវតែអាចប្រើប្រាស់ពេលវេលានេះ ដើម្បីគិតគូរលើការកសាងគំនិត និងរុករកទស្សនៈទានថ្មីដើម្បីផលិតស្នាដៃសិល្បៈឱ្យកាន់តែប្រសើរ ទោះបីជាយើងមិនអាចធ្វើដំណើរបាន។អ្វីដែលសាកសមសម្រាប់សិល្បករនាពេលនេះ គឺការឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ដោយស្វែងរកពីវិធីឆ្លុះបញ្ចាំងឱ្យឃើញនូវទស្សនទានសិល្បៈផ្ទាល់ខ្លួនរបស់ពួកយើង។

ប៉ុន្តែ អ្វីដែលសំខាន់ក្នុងពេលនេះគឺថា ពួកយើងត្រូវចូលរួមសហការគ្នាដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺ កូវីដ១៩ ដែលផ្តើមចេញពីការយល់ដឹង និងការទទួលខុសត្រូវរបស់យើងម្នាក់ៗ។ ហើយចំនុចដែលចំបាច់បំផុតសម្រាប់ពួកយើងនាពេលនេះ គឺយើងត្រូវការពារខ្លួនឯងអោយមានសុវត្ថិភាព។»

សុវណ្ណ ភីឡុង ផ្តល់ព័ត៌មានអំពី៖

ប្រភពនៃបណ្តុំរូបថតសម្រាប់សិល្បករថតរូប

សូមចុចលើរូបភាពនេះដើម្បីទទួលបានព័ត៌មានបន្ថែម

ចូវ ធានលី

សិល្បករ
http://batiasarem.com/discover-our-current-exhibition/

រូបថតផ្តល់ដោយ ចូវ ធានលី

«ខ្ញុំដឹងថាពេលនេះ គឺជាពេលលំបាកមួយចំពោះយើងទំាងអស់គ្នា។ អ្នកខ្លះប្រហែលមិនអាចចេញក្រៅ ឯអ្នកខ្លះប្រហែលជាអាចចេញបាន។ តែទោះយ៉ាងណា ក៏វាលំបាកក្នុងការប្រាស័យទាក់ទងគ្នាដែរ។ ហើយខ្ញុំគិតថាអ្នកទាំងអស់គ្នាប្រាដកជានឹកអ្នកផ្ទះ និងមិត្តភក្តិមិនស្ទើរនោះទេ។ ក៏ប៉ុន្តែខ្ញុំយល់ថា ពេលនេះក៏ជាពេលដ៏ល្អមួយ ដែលជួយឱ្យយើងផ្តោតលើកិច្ចការងារដែលអាចនឹងអភិវឌ្ឍខ្លួនយើងបានប្រសើរ។ ចំពោះខ្ញុំ ខ្ញុំនៅតែពេញចិត្តនឹងជីវិត និងនៅតែសង្ឃឹមជាប់ជានិច្ច។»

ចូវ ធានលី ណែនាំថា៖ ទាំងនេះគឺការងារសមញ្ញដែលធ្វើឱ្យខ្ញុំរីករាយ បើទោះមិនបានចេញទៅខាងក្រៅ៖

១. ការសម្អាត និងរៀបចំផ្ទះ៖ ខ្ញុំបានចំណាយពេល ២០ ទៅ៣០នាទី រៀបចំរបស់របរក្នុងផ្ទះឱ្យមានរបៀបរៀបរយ។ ផ្ទះស្អាតគឺសំខាន់ណាស់ ព្រោះវាជាកន្លែងដែលយើងរស់នៅ និងកន្លែងដែលយើងផ្ញើរជីវិត។ បើផ្ទះស្អាត ក៏ជីវិតរុងរឿង។
២. រុក្ខជាតិ គឺជាមិត្តដ៏ល្អរបស់ខ្ញុំ។ វាផ្តល់ភាពរីករាយ និងបន្ថែមសម្រស់ដល់បន្ទប់ខ្ញុំ ហើយខ្ញុំអាចមើលវាដុះលូតលាស់រាល់ថ្ងៃ។ អ្នកអាចស្រាវជ្រាវរកតាមអនឡាញនូវប្រភេទរុក្ខជាតិបៃតងដែលអាចដុះក្នុងម្លប់បានដូចជា ដើមPothos, ZZ ឬ Spider ព្រោះថារុក្ខជាតិប្រភេទនេះស្រួលមើលថែណាស់។
៣. ចំអិនម្ហូបងាយៗ៖ ប្រសិនបើយើងទំនេរពីការងារដូចជាពេលនេះ វាជាពេលល្អខ្លាំងណាស់ដែលយើងអាចចំអិនម្ហូបអាហារ។ ប្រសិនបើអ្នកមិនធ្លាប់ធ្វើម្ហូបពីមុនមកទេ គួរតែសាកល្បងមើល អ្នកអាចនឹងចូលចិត្តវា។
៤. អានសៀវភៅ៖ ទោះបីខ្ញុំមិនបានចេញទៅណា តែខ្ញុំនៅតែអាចរៀនសូត្របានយ៉ាងច្រើនពីពិភពលោកតាមរយៈអំណាន។ ខ្ញុំចូលចិត្តអានពីប្រទេសផ្សេងៗដូចជា ប្រវត្តិសាស្ត្រ ទស្សនវិជ្ជា សិស្បៈ ហើយនឹងការអភិវឌ្ឍខ្លួន ជាដើម។ ខ្ញុំរៀនបានច្រើនណាស់ ហើយពេលខ្លះវាបានជួយផ្លាស់ប្តូរជីវិតខ្ញុំទៀតផង។ ថ្មីៗនេះ ខ្ញុំបានប្រទះសៀវភៅមួយក្បាលដែលមានចំណងជើងថា «កំពូលអ្នកមាននៅទីក្រុងបាប៊ីឡូន»។ សៀវភៅនេះ បានបង្រៀនខ្ញុំឱ្យចេះប្រើប្រាស់ហិរញ្ញវត្ថុរបស់ខ្លួនយ៉ាងត្រឹមត្រូវ។

សូមចុចលើរូបនេះដើម្បីទស្សនាវីដេអូ

៥. វីដេអូឯកសារ៖ មានឯកសារសិល្បៈល្អៗជាច្រើនដែលផលិតដោយ BBC អ្នកអាចស្វែងរកតាមរយះ YouTube ដែលមានចំណងជើងរួមថា Modern Masters ក្នុងនោះមានស្តីពី ជីវិតនិងសិល្បៈ របស់សិល្បៈករ អឺរ៉ុប និង អាមេរិចដូចជា Henri Matisse, Salvador Dali, Picasso និង Andy Warhol ។
៦. បង្កើតស្នាដៃ៖ ឆ្លៀតក្នុងឱកាសនេះខ្ញុំបានធ្វើការពង្រឹងនូវជំនាញគំនូររបស់ខ្ញុំ។ ខ្ញុំធ្វើការដុសខាត់គំនិត និង បច្ចេកទេសគំនូររបស់ខ្ញុំ។ ការគូរខ្មៅដៃមានសារសំខាន់ និងជាគ្រឹះដល់សិល្បៈជាច្រើនប្រភេទ។ អ្នកអាចសិក្សាតាម YouTube ដើម្បីអភិវឌ្ឍន៍ជំនាញខ្មៅដៃ និង មូលដ្ឋានការប្រើព៌ណ។
៧. ហាត់ប្រាណ រឺ យោគៈ៖ ពេលណារាងកាយដំណើរការល្អ វានឹងជួយឱ្យចិត្តយើងនឹងនរ។ ដើម្បីឱ្យជីវិតប្រព្រឹត្តទៅបានរាងកាយ ចាំបាច់ត្រូវការចលនា ហើយសកម្មភាពនោះ នឹងធ្វើឱ្យយើងស្រស់ថ្លាផងដែរ។
៨. សមាធិ៖ អាចជួយឱ្យចិត្តយើងស្អាតជ្រះស្រលះ ហើយជីវិតស្រស់ថ្លា ។ដល់ពេលត្រូវចាកចេញពីអតីតកាលដែលកន្លងហួស ដើម្បីបង្កើតអនាគតខ្លួនឯងហើយ។
ការធ្វើការងារសមញ្ញដោយស្ងៀមស្ងាត់ ក៏ជាការសមាធិមួយយ៉ាងប្រសើរ។ វាជួយយើងជំរះគតិអវិជ្ជមាន និងអារម្មណ៍ហ្មងសៅ។ ជីវិតនឹងប្រាសចាកទុក្ខកង្វល់ ហើយសុភមង្គលនឹងកើតមានឡើង។

សូមចុចលើរូបនេះដើម្បីទស្សនាវីដេអូ

សារពីអ្នកដឹកនាំសិល្បៈ

ដេណា ឡេងល័ស

ស្ថាបនិក និងអ្នកដឹកនាំ ជំនាន់នៃភាពច្នៃប្រឌិត

រូបថតផ្តល់ដោយ ដេណា ឡេងល័ស

«ខ្ញុំមានមោទកភាពណាស់ ដែលបានធ្វើការជាមួយ និងបានរៀនសូត្រពីសិល្បករកម្ពុជា រាប់ចាប់តាំងពីពេលដែលខ្ញុំបានធ្វើការងារនេះដំបូង​កាលពី២០ឆ្នាំមុន។ ជានិច្ចជាកាល ខ្ញុំតែងតែភ្ញាក់ផ្អើល និងជ្រួតជ្រាប់នូវរាល់ស្នាដៃ និងចក្ខុវិស័យរបស់សិល្បករទាំងអស់ដែលខ្ញុំបានជួប។ ហើយវាពិតជាគួរឱ្យរីករាយឥតឧបមា ដែលខ្ញុំអាចជួយពាំនាំស្នាដៃពួកគេទៅដល់ទស្សនិកជនជាសាធារណៈតាមវិធីដ៏មានអត្ថន័យខ្លឹមសារ។ ខ្ញុំក៏ដឹងដែរថា ដើម្បីធ្វើបែបនោះបាន ទាមទារឱ្យមានការខិតខំប្រឹងប្រែង និងតាំងចិត្តខ្ពស់បំផុត មិនថាតែពីសិល្បករនោះទេ ប៉ុន្តែទាំងអស់គ្នាដែលពាក់ព័ន្ធនឹងការគ្រប់គ្រង និងដំណើរផលិតកម្ម។ ស្រាប់តែភ្លាមៗនេះ អ្វីៗទាំងអស់នោះកំពុងជួបតែហានិភ័យ។ វិបត្តិសកលដែលយើងកំពុងប្រឈមមុខនៅពេលនេះ វាជាបញ្ហាប្រឈមមួយទៅនឹងមធ្យោបាយធ្វើការងារយើង និងទំនាក់ទំនងជាមួយនឹងសាធារណៈជនផងដែរ។ វាហាក់បង្ខំឱ្យយើងត្រូវអង្គុយគិតសាឡើងវិញ ថាតើ វាមានន័យម៉េច ហើយយើងគួរដំណើរការបែបណានៅពេលអនាគត។ សារលើកទឹកចិត្តបែបឌីជីថល មានគោលបំណងធ្វើជាមធ្យោបាយមួយ ដែលសិល្បករ អ្នកច្នៃប្រប្រតិដ្ឋ ហើយនិងអ្នកគ្រប់គ្រងសិល្បៈអាចប្រើប្រាស់ក្នុងអន្តរកាលនេះ។ មធ្យោបាយដែលបញ្ជាក់ពីសាមគ្គីភាពរបស់សហគមន៍សិល្បៈ ដើម្បីផ្តល់តម្លៃដល់អ្វីដែលយើងធ្វើ (ឬមិនធ្វើ) ក្នុងពេលបច្ចុប្បន្ន និងលើកទឹកចិត្តឱ្យយើងក្លាហានប្រឈមនឹងភាពមិនប្រាកដប្រជា ជាមួយនឹងដំណោះស្រាយសិល្បៈប្រកបដោយប្រតិដ្ឋញាណខ្ពស់។ ខ្ញុំសូមសំដែងនូវការដឹងគុណចំពោះអ្នកគ្រប់គ្នាដែលបានផ្តល់សារលើកទឹកចិត្ត និងសូមប្រកាន់យកនូវពុទ្ធិដែលគ្រប់គ្នាបានចែករំលែក។ សូមឱ្យមានសុវត្ថិភាពគ្រប់ៗគ្នា! ហើយចងចាំថា ពួកយើងស្ថិតនៅក្នុងកាលៈទេសៈនេះទាំងអស់គ្នា!»